• 2022-02-04 04:03:34
  • ព័ត៌មាន

និស្សិតខ្វះខាត ចង់សិក្សាបន្តបរិញ្ញាប័ត្រអាច «កម្ចីសិក្សាបច្ចេកវិទ្យាឌីជីថល» ពីបណ្ឌិត្យសភា CADT

  • 2022-02-04 04:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថល មានគោលបំណង៖ ទី១.ផ្ដល់ឱកាសដល់និស្សិតដែលមានជីវភាព ខ្វះខាតពុំមានលទ្ធភាពបង់ថ្លៃសិក្សា និងនិស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុអាចបន្ដការសិក្សា នៅកម្រិតឧត្តមសិក្សាបាន និងទី២. ជំរុញឱ្យមានកំណើននិស្សិតចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល សំដៅកសាងធនធានមនុស្សជំនាញឌីជីថលដែលមានសមត្ថភាព និងឆ្លើយតប ទៅនឹងតម្រូវការទីផ្សារនាថ្ងៃអនាគត។

ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថល រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងធនាគារហ្វីលីព ភីអិលស៊ី” បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើនៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២២ នៅមជ្ឈ​មណ្ឌល​នវា​នុវត្តន៍​ឌីជីថល នៃបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។

យោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លើកឡើងថាកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថលនេះត្រូវបានគិតគូរយ៉ាងល្អិតល្អន់ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់និស្សិត ដែលមានជីវភាពខ្វះខាតអាចបន្ដការសិក្សាបានដោយផ្តល់លក្ខខណ្ឌអនុគ្រោះដូចខាងក្រោម៖

1.និស្សិតដែលបានប្រឡងជាប់ចូលសិក្សានៅ CADT នឹងទទួលបានកម្ចីសិក្សាពីធនាគារហ្វីលីពក្នុងទំហំ រហូតដល់ទឹកប្រាក់ ៦០០០ (ប្រាំមួយពាន់) ដុល្លារអាមេរិក សម្រាប់មួយចប់បរិញ្ញាបត្រ

2.និស្សិតដែលសិក្សានៅ CADT ហើយមានបំណងទទួលកម្ចីសិក្សានេះ គឺមិនចាំបាច់មានទ្រព្យបញ្ចាំអ្វីឡើយ

3.ក្នុងអំឡុងពេលសិក្សា CADT មិនតម្រូវឱ្យនិស្សិតសងប្រាក់ដើម និងការប្រាក់ឡើយ

4.ផ្ដល់លទ្ធភាពដល់និស្សិតទូទាត់សងប្រាក់កម្ចីសិក្សាត្រឡប់មកវិញក្រោយពីបញ្ចប់ការសិក្សា និងនៅ ពេលទទួលបានការងារល្អ និងប្រាក់ខែសមរម្យ។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងធនាគារហ្វីលីពជឿជាក់យ៉ាងមុតមាំថា និស្សិតដែលបានបញ្ចប់ការសិក្សានៅ CADT នឹងទទួលបានការងារល្អៗ ប្រាក់ខែខ្ពស់ និងមានលទ្ធភាពគ្រប់គ្រាន់សងកម្ចីត្រឡប់មកវិញ។

ក្នុងករណីដែល និស្សិតបញ្ចប់ការសិក្សាតែពុំមានសមត្ថភាពរកការងារធ្វើ CADT មិនតម្រូវឱ្យនិស្សិតសងកម្ចីត្រលប់មកវិញឡើយដោយ CADT នឹងទទួលខុសត្រូវលើកម្ចីជំនួសនិស្សិតវិញ។ នេះសបញ្ជាក់ឱ្យឃើញថា CADT ពិតជាបានប្ដេជ្ញាចិត្តដ៏មោះមុតក្នុងការផ្ដល់គុណភាពសិក្សាខ្ពស់បំផុតលើផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

កម្មវិធីកម្ចីសិក្សានេះផ្ដល់ជូនដល់និស្សិតដែលបានប្រឡងជាប់ចូលមកសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រលើបីមុខជំនាញរួមមាន៖ (១) វិទ្យាសាស្រ្តកុំព្យូទ័រ (២)ទូរគមនាគមន៍និងបណ្ដាញ និង(៣) ពាណិជ្ជកម្មអេឡិចត្រូនិក។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព មានប្រសាសន៍ថា “ធនាគារហ្វីលីព មានបំណងចូលរួមចំណែកអភិវឌ្ឍ ធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលព្រោះថាកម្ពុជានៅមានកង្វះខាតអ្នកជំនាញក្នុងវិស័យនេះ ហើយសព្វថ្ងៃ អ្នកមានជំនាញនេះគឺទទួលបានប្រាក់ខែខ្ពស់”។

ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្រ្ដី ជា វ៉ាន់ដេត មានសេចក្ដីសោមនស្សរីករាយ និងគាំទ្រយ៉ាងខ្លាំងលើកម្មវិធីកម្ចីសិក្សានេះ ព្រមទាំងលើកទឹកចិត្តលើយុវជន យុវនារីយើង ពិចារណាចាប់យកការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដើម្បីអាចពង្រឹងសមត្ថភាព របស់ខ្លួនក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានកោតសរសើរយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ CADT និងធនាគារ ហ្វីលីពដែលបានសហការគ្នា និងបានក្លាយជាដៃគូរយុទ្ធសាស្រ្ដដ៏រឹងមាំមួយលើកម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យា ឌីជីថលនៅ CADT ដែលបានជំរុញឱ្យកម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថលដ៏មានសារៈសំខាន់នេះកើតឡើង ហើយក្លាយជាកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថល ដំបូងគេបំផុតនៅកម្ពុជាព្រមទាំងមានលក្ខខណ្ឌអនុគ្រោះច្រើនបែបនេះ ដល់និស្សិត។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តយុវជន យុវនារីឱ្យចុះឈ្មោះចូលសិក្សា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺជាគ្រឹះស្ថានអប់រំស្រាវជ្រាវ សាធារណៈឈានមុនគេលើជំនាញបច្ចេកវិទ្យាឌីជីថល ដែលមានបេសកកម្មផ្ដល់ការអប់រំបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យគមនាគមន៍ ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា ក្នុងនោះដែរ វិទ្យស្ថានបច្ចេកវិទ្យាឌីជីថល គឺជាសេនាធិការទទួលបន្ទុកបណ្តុះបណ្តាលអប់រំនិស្សិតលើជំនាញ វិស្វកម្មឌីជីថល និងធុរកិច្ចឌីជីថល ដែលបច្ចុប្បន្នកំពុងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រលើជំនាញ ទូរគមនាគមន៍និងបណ្តាញ វិទ្យាសាស្រ្តកុំព្យូទ័រ និងពាណិជ្ជកម្មអេឡិចត្រូនិក៕

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទថ្មី