
- 2022-12-12 03:40:00
- ព័ត៌មាន
ប្រយោជន៍ច្រើនណាស់! ពិព័រណ៍ បារខែម ផ្ដោតលើការចាប់ផ្ដើមអាជីវកម្មជាមួយបច្ចេកវិទ្យា និងការយល់ដឹងពីជំនាញឌីជីថល
- 2022-12-12 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយោជន៍ច្រើនណាស់! ពិព័រណ៍ បារខែម ផ្ដោតលើការចាប់ផ្ដើមអាជីវកម្មជាមួយបច្ចេកវិទ្យា និងការយល់ដឹងពីជំនាញឌីជីថល
ចន្លោះមិនឃើញ
ថ្ងៃដំបូងនៃការចាប់ផ្ដើម សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីទិសពាយ័ព្យ ឬ ហៅកាត់ខ្លីថា ពិព័រណ៍ បារខែម “Barcamp DigiTech 2022” មានអាជីវករ អ្នកជំនួញ អ្នកបច្ចេកទេស និងសិស្សានុសិស្សប្រមាណ ជាង ៦០០នាក់ ចូលរួមប្រមូលផ្ដុំទៅដោយអ្នកនិយមចូលចិត្តបច្ចេកវិទ្យា ការធ្វើធុរកិច្ច ដោយផ្ដោតសំខាន់លើការការចាប់ផ្ដើមអាជីវកម្មជាមួយបច្ចេកវិទ្យា និងការយល់ដឹងពីជំនាញឌីជីថល ។ នេះបើតាមការលើកឡើងរបស់ លោក ជី សុផាត អ្នករៀបចំកម្មវិធី បានប្រាប់មកកាន់ Sabay នៅថ្ងៃនេះ។
លោក ជី សុផាត អ្នករៀបចំកម្មវិធី បានប្រាប់ឱ្យដឹងបន្ថែមថា « ទិសដៅសំខាន់នៃការរៀបចំឱ្យមានពិព័រណ៍មួយនេះឡើង គឺផ្ដោតលើអ្នករកស៊ី អាជីករ ឱ្យយល់ដឹងបន្ថែមជាមួយបច្ចេកវិទ្យា ដើម្បីពង្រីកអាជីវកម្ម ដោយបានប្រមូលផ្ដុំដោយអ្នកជំនាញបច្ចេកវិទ្យា ដើម្បីរៀនសូត្រអ្វីដែលថ្មី។ ក្រៅពីនេះ ផ្ដល់ឱកាសឱ្យសិស្សានុសិស្សក្រៅអំពីការរៀននៅសាលាអាចទទួលបានឱកាសថ្មីផ្លាស់ប្ដូរបទពិសោធន៍ បង្កើតសម្ថភាពលើជំនាញរបស់ខ្លួន។ លោកថា នេះជាព្រឹត្តិការណ៍ជួបជុំនៃក្រុមអ្នកជំនាញបច្ចេកវិទ្យា ច្នៃប្រឌិត សហគ្រិនវ័យក្មេង អង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំអាជីវកម្ម សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ជុំវិញ បច្ចេកវិទ្យា អាជីវកម្ម និងការអភិវឌ្ឍន៍អាជីព ក៏ដូចជាការត្រៀមខ្លួនសម្រាប់លើការចាប់ផ្ដើមអាជីវកម្មសម័យថ្មីជាមួយបច្ចេកវិទ្យា និងការយល់ដឹងពីជំនាញឌីជីថលផងដែរ។ បារខែម មិនគ្រាន់តែជា ព្រឹត្តិការណ៍ចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដែលយើងអាចបង្កើតទំនាក់ទំនងល្អជាមួយគ្នា កសាងមិត្តភាព បង្កើតឱកាស បន្តការចែករំលែក ពង្រីកសហគមន៍បច្ចេកវិទ្យាឲ្យកាន់តែធំ » ។
សូមជម្រាបថា សន្និសីទ និងពិព័រណ៍ បារខែម បាននឹងកំពុងចាប់ផ្ដើមពីថ្ងៃទី ១២ ដល់ ១៣ ខែធ្នូ ២០២២ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ល្ងាច ដោយមានវាគ្មិន ៣៨រូប ដែលមានទេពកោសល្យ និងបទពិសោធន៍មកពីស្ថាប័នផ្សេងៗ មកចែករំលែកប្រធានបទចំនួន ៤៥ប្រធានបទ ជាមួយបទបង្ហាញខ្លី (Keynote) ចំនួន៣ កិច្ចពិភាក្សាចំនួន ១ និងស្ដង់ពិព័រណ៍ចំនួន ២៣ ពីបណ្ដារធុរកិច្ចថ្មី ព្រមទាំងកម្មវិធី Startup Huddle និងកម្មវិធី DigiCheck ជាដើម។
បារខែម គឺជាកម្មវិធីដែលកើតមានឡើងនៅជុំវិញពិភពលោកតាំងពីឆ្នាំ ២០០៥ និងបានប្រារព្ធធ្វើនៅ ជាង ៤៥០ ទីក្រុង ដូចជាបារខែមនៅ អង់គ្លេស ចិន ឥណ្ឌា អាមេរិក ជប៉ុន ម៉ាឡេស៊ី ភូមា ថៃ វៀតណាម ឡាវ ហ្វីលីពីន អាល្លឺម៉ង់ ។ល។ ចាប់តាំងពីឆ្នាំ២០១៣មក រហូតឆ្នាំ ២០១៩ បារខែមកម្ពុជាមាននៅតាមបណ្ដាខេត្តនានា នៅរាជនីភ្នំពេញ ដោយឡែកឆ្នាំ ២០២០ និងឆ្នាំ ២០២១ បណ្ដាប្រទេសនានា និងប្រទេសកម្ពុជា បានរងផល ប៉ះពាល់ដោយផ្ទាល់ពី ជំងឺកូវីដ១៩ បានផ្អាកមួយរយៈ ហើយក្នុងឆ្នាំ ២០២២នេះ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្រោមក្របខ័ណ្ឌកម្មវិធីពង្រឹងភាពប្រកួត ប្រជែងនៃសហគ្រាសជាតិ (ICONE)បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ព្រមទាំងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការគាំទ្របង្កើតព្រឹត្តិការណ៍ “DigiTech 2022” ដោយមានក្រុមការងារ BarCamp ជាក្រុមការងារស្នូលក្នុងការរៀបចំ ៕
ប្រភពរូបភាព៖ BarCamp Cambodia