/Inter-44/61de4fb5da5f8_1641959340_medium.png)
- 2022-01-11 21:12:01
- ព័ត៌មាន
ទឹកចិត្តធំធេង! រឿងរ៉ាវជនជាតិជប៉ុនម្នាក់ជួយនិស្សិតខ្មែរ បង្កើតសាលាបច្ចេកវិទ្យាលើភ្នំគិរីរម្យ
- 2022-01-11 21:12:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តធំធេង! រឿងរ៉ាវជនជាតិជប៉ុនម្នាក់ជួយនិស្សិតខ្មែរ បង្កើតសាលាបច្ចេកវិទ្យាលើភ្នំគិរីរម្យ
ចន្លោះមិនឃើញ
ធ្លាប់តែជាអ្នកជំនួញជួញដូរ មានចំណូលវាល់លានដុល្លារនៅជប៉ុន ក៏ប៉ុន្តែបុរសញញឹមស្រស់ជនជាតិជប៉ុនវ័យជាង ៣៣ ឆ្នាំបានមករស់នៅនិងធ្វើការក្នុងប្រទេសកម្ពុជា រួចក៏ចាប់ចិត្តបង្កើតសាលាបច្ចេកវិទ្យាលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។
ពីអ្នកជំនួញកាន់ប្រាក់វាល់លាន មកជាគ្រូណែនាំនៅផ្នែកបច្ចេកវិទ្យានៅកម្ពុជា
លោក Takeshi Izuka ចាប់ផ្ដើមអាជីពការងារដំបូងក្នុងវិស័យជំនួញ ក្នុងក្រុមហ៊ុនធំមួយដែលផ្ដល់សេវាផ្នែកប្រឹក្សានិងយុទ្ធសាស្រ្តទីផ្សារឌីជីថល ក្នុងប្រទេសជប៉ុន រហូតដល់ឆ្នាំ ១៩៩៨ លោកបានលាឈប់ពីតំណែង ហើយមកចាប់ផ្តើម Project ផ្ទាល់ខ្លួនដោយបង្កើតជាក្រុមហ៊ុនជំនាញផ្នែក Website Analytics ហៅកាត់ថា Digital Forest ។
អាជីវកម្មទើបចាប់ផ្ដើមថ្មីនេះទទួលបានជោគជ័យខ្លាំង រហូតក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងចំណោមអាជីវកម្មបែបនោះនៅជប៉ុន ក៏ប៉ុន្តែការប្រកួតប្រជែងលើទីផ្សារសកលមិនអាចប្រជែងបាន ធ្វើឲ្យលោកសម្រេចចិត្តលក់ទៅសម្ព័ន្ធក្រុមហ៊ុនធំមួយគឺ NTT ។
«ការសម្រេចចិត្តលក់ក្រុមហ៊ុនដែលអ្នកស្រឡាញ់ខ្លាំងឲ្យក្រុមហ៊ុនផ្សេង មិនមែនជាបទពិសោធន៍គួរឲ្យរីករាយនោះទេ” លោក Izuka សើច! ការរកស៊ីតែងតែមានការប្រកួតប្រជែង ហើយកាន់តែមានសម្ពាធខ្លាំងពេលអ្នកទៅប្រជែងជាមួយក្រុមហ៊ុនកម្រិតយក្សដូច Google គ្រាន់តែស្ដាប់ ក៏ខ្លាចដែរ។»
ទោះជាយ៉ាងនេះក្ដី លោកក៏មិនចុះចាញ់ ហើយក៏មិនចូលនិវត្តន៍ដែរ។ បុរសកូនអ្នកជំនួញរូបនេះ ស្វះស្វែងរកឱកាសជាថ្មី ដោយធ្វើដំណើរទៅមើលពិភពលោកខាងក្រៅ។ "កាលមុនខ្ញុំមិនដែលគិតពីទីផ្សារអន្តរជាតិខ្លាំងទេ ដែលជាមូលហេតុធ្វើឲ្យផលិតផល Digital Forest បានដួលបន្ទាប់ពីមានសេវាកម្មចែករំលែកលើផ្នែកនោះដោយមិនគិតថ្លៃពី Google”។
ក្រោយមកលោកក៏ចាប់ផ្តើមចង់ធ្វើអ្វីប្លែកថ្មីលើវិស័យនេះ រហូតឈានដល់ធ្វើជំនួញដល់ប្រទេសចិន និងឥណ្ឌា រហូតផ្លាស់ទៅរកស៊ីនៅប្រទេសអារ៉ាប៊ីសាអូឌីត លើវិស័យកសិកម្ម តែមិនជោគជ័យទាំងអស់ រួចមកក៏មកបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនៅប្រទេសកម្ពុជា។
លោក Takeshi Izuka បានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ក្នុងឆ្នាំ ២០១៤ ដែលមានទីតាំងនៅលើភ្នំគិរីរម្យ (បើជិះពីភ្នំពេញទៅភ្នំគិរីរម្យប្រមាណជា ៤ ម៉ោង)។ វិទ្យាស្ថាននេះមានកម្មវិធីសិក្សា និងរបៀបបង្រៀនបែបទំនើបសឹងតែដូចនៅជប៉ុនទៅហើយ ជាពិសេសគឺនិស្សិតអាចរៀនសូត្រពីអ្នកជំនាញឬវិស្វករកម្មវិធីជាជនជាតិជប៉ុនផ្ទាល់ និងជួយឲ្យនិស្សិតទទួលបានចំណេះដឹងច្បាស់លាស់ និងទទួលបានឱកាសការងារខ្ពស់លើវិស័យ IT។
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពុងរីកចម្រើនលឿនខ្លាំងលើ វិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី
មនុស្សជាច្រើនបានសួរលោកថា ហេតុអ្វីបានជារើសយកកម្ពុជា? លោកបានបកស្រាយថា បើគិតលើ GDP កម្ពុជាបច្ចុប្បន្ននេះកំពុងតែកើនឡើង ខុសពីជប៉ុនដែលរីកចម្រើនខ្លាំង ជាកត្តាធ្វើឲ្យអ្នករកស៊ីល្មមៗមិនអាចមានឱកាសលូតលាស់ទេ។
សម្រាប់ប្រទេសកម្ពុជាក្នុងសតវត្សទី ២១ នេះ “កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងរីកចម្រើនលឿនខ្លាំងលើវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី”។
រកឃើញទីតាំងដ៏ល្អមួយ អាចផ្ដល់ឱកាសលូតលាស់ក្នុងវិស័យបច្ចេកវិទ្យា
ក្រោយពេលមកដល់ទីតាំង ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ។ លោក Izuka ចាប់ចិត្តស្រលាញ់ទឹកដីដ៏ល្អប្រសើរនេះឈានដល់បង្កើតបានជារមណីយដ្ឋានទេសចរណ៍ vKirirom Pine Resort ក្នុងឆ្នាំ ២០១១ និងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាក្នុងឆ្នាំ ២០១៤។
លោកបាននិយាយថា ការបង្កើតវិទ្យាស្ថាននេះមិនមែនជាជំនាញខ្ញុំទេ ក៏ប៉ុន្តែអំឡុង ស្នាក់នៅកម្ពុជា ខ្ញុំបានកត់សម្គាល់ឃើញថា វិស័យអប់រំកម្ពុជា អាចនឹងលូតលាស់ដល់ថ្នាក់កំពូលបាន។ លោកបន្ថែមថា ការស្វែងរកបុគ្គលិកជំនាញផ្នែក IT មកជួយបម្រើការក្នុងរមណីយដ្ឋានគិរីរម្យ កាលពីមុនជារឿងលំបាក លោកបានធ្វើដំណើរមកភ្នំពេញ រួចប្រកាសរើស តែអ្នកដែលមានចំណេះដឹងនិងជំនាញខ្ពស់ តាមតម្រូវការមានតិច។ តែយ៉ាងណាមិញ លោកអាចរកបាន និងបណ្ដុះបណ្ដាលបន្ថែមក្នុងរយៈពេល ៦ ខែរួចផ្ដល់ឱកាសឲ្យទៅសិក្សាបន្ថែមនៅអាមេរិច។
លោកបន្តថា៖ «ក្នុងវិស័យអប់រំផ្នែក IT លោកសង្កេតឃើញថា និស្សិតខ្មែរមានចំណូលចិត្តខ្លាំង និងមានទេពកោសល្យខ្ពស់ គ្រាន់តែខ្វះអ្នកបណ្ដុះបណ្ដាលបន្ថែមប៉ុណ្ណោះ ដែលជាមូលហេតុធ្វើឲ្យលោកសម្រេចចិត្តបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនេះឡើង និងថែមទាំងផ្ដល់ជូនអាហារូបករណ៍ពេញថ្លៃ ដើម្បីជួយឲ្យនិស្សិតខ្មែរអាចប្រជែងចូលទីផ្សារ IT ពិភពលោកបាន។»
លោក Izuka ឈ្នះពានរង្វាន់ Rakuten Empowerment Award
លើសពីនេះទៀត វិទ្យាស្ថាន KIT បានក្លាយជា ស្ថាប័នល្អបំផុតក្នុងការជួយផ្លាស់ប្ដូរសង្គមទៅជាសង្គមនុវានុវត្តន៍កម្រិតខ្ពស់ Advanced Innovation ជួយឲ្យលោក Izuka ឈ្នះរង្វាន់បុគ្គលដ៏សំខាន់មួយគឺ Rakuten Empowerment Award ។
ពានរង្វាន់នេះបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Rakuten ក្នុងកម្មវិធី Rakuten Technology Conference ក្នុងទីក្រុងតូក្យូ ផ្តល់ជូនសហគ្រិនទាំងអស់មានបែងចែកតាមផ្នែកនីមួយៗ។
រំឮកផងដែរថា វិទ្យាស្ថាន KIT បង្កើតឡើងនៅឆ្នាំ ២០១៤ ផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូនសិស្សកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម កម្មវិធីកុំព្យូទ័រ។
សម្រាប់កម្មវិធីសិក្សារនៅ KIT ដូចជា៖ វិស្វករកុំព្យូទរ័ វិភាគប្រពន្ធ័កុំព្យូទ័រ បង្កើតប្រពន្ធ័កុំព្យូទ័រ គណនេយ្យ គ្រប់គ្រង ភាសារអង់គ្លេស និងជប៉ុនផងដែរ៕
អត្ថបទ៖ រក្សា | ប្រភព៖ Rakuten