
- 2022-01-04 23:52:25
- ព័ត៌មាន
ឡេបថបថ្មីពី Realme ប្រើប្រាស់ CPU កម្លាំងខ្លាំងប្រភេទពី Intel ហើយតម្លៃវិញ គួរសម!
- 2022-01-04 23:52:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡេបថបថ្មីពី Realme ប្រើប្រាស់ CPU កម្លាំងខ្លាំងប្រភេទពី Intel ហើយតម្លៃវិញ គួរសម!
ចន្លោះមិនឃើញ
Realme កំពុងដុតដៃដុតជើង ក្នុងវិស័យទូរសព្ទវៃឆ្លាតយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីទូរសព្ទវៃឆ្លាត ក្រុមហ៊ុន Realme បានដាក់បង្ហាញ នូវប្រភេទឡេបថបផងដែរ នោះគឺប្រភេទ Realme Book។ លើកនេះក្រុមហ៊ុនបានបញ្ចេញឡេបថបដែលត្រូវបានកែប្រែថ្មី Realme Book Enhanced Edition ដែលមានលក្ខណៈពិសេសត្រង់ថា វាប្រើប្រាស់ CPU កំពូល H-series ពី Intel ជួយឲ្យវាមានកម្លាំងខ្លាំង និងបញ្ចុះកម្តៅបានល្អជាងមុន។
CPU ដែល Realme ជ្រើសរើសយកមកបំពាក់លើ Realme Book Enhanced Edition គឺជា CPU ដែលមានកម្លាំង TDP ខ្ពស់ដល់ទៅ ៣៥វ៉ាត់ ប្រភេទ Intel Core i5-11320H ជំនាន់ទី១១ រត់ដោយ Thread ចំនួន៨ (CPU ៨គ្រាប់) អាចបញ្ចេញកម្លាំងដោយ single-core turbo frequency ដល់ទៅ 4.5 GHz។ យោងតាមតួលេខផ្លូវការពី Realme CPU i5-11320H ថ្មីនេះអាចរត់បានខ្លាំងជាង i5-1135G7 ដែលមាននៅលើ Realme Book ធម្មតា ដល់ទៅ ២១,៨ភាគរយឯណោះ។
ឡេបថបខាងលើបានបំពាក់មកដោយអង្គចងចាំបណ្តោះអាសន្ន ទំហំ 16GB ប្រភេទ LPDDR4x ជាមួយនឹងអង្គផ្ទុកទិន្ន័យទំហំ 512GB ប្រភេទ NVMe រត់នៅលើប្រព័ន្ធប្រត្តិបត្តិការ Window 11 Home and Student Edition ដែលតំឡើងមកស្រាប់។
ចំពោះអេក្រង់វិញ មិនខុសពីជំនាន់មុនទេ វានៅតែប្រើប្រាស់បន្ទះបង្ហាញទំហំ ១៤អ៊ីញ មានកម្រិតបង្ហាញ 2160 x 1440 px ខ្នាត 3:2 មានគែមស្តើងលាតបានដល់ទៅ ៩០ភាគរយនៃផ្ទៃសរុប។ អេក្រង់មួយនេះ អាចបង្ហាញពណ៌បានត្រឹមត្រូវ sRGB ដល់ទៅ ១០០ភាគរយ និងអាចបញ្ចេញពន្លឺខ្ពស់បំផុតដល់ ៤០០ nits។
ជាមួយនឹងកញ្ចប់ម៉ាស៊ីន និងអេក្រង់ខាងលើ Realme Book Enhanced Edition បំពាក់កម្លាំងថ្មទំហំ ៥៤វ៉ាត់ម៉ោង ដែលគ្រប់គ្រាន់សម្រាប់ការចាក់វីដេអូក្នុងកម្រិត 1080p បានរយៈពេល ១២ម៉ោង។ ចំណែកឯការសាកថ្មវិញគឺ សាកបញ្ចូលតាមរយៈ USB-C និងដុំសាកកម្លាំង ៦៥វ៉ាត់ អាចសាក ពី ០% ទៅ ៥០% ចំណាយពេលត្រឹមកន្លះម៉ោងប៉ុណ្ណោះ។ កុំព្យូទ័រឡេបថបនេះក៏គាំទ្រ 30W Dart Flash Chargers ដែលមានលើស្មាតហ្វូន Realme ដែរ។
និយាយដល់ USB-C ឡេបថប Realme Book Enhanced Edition មានរន្ធ USB-C ចំនួន២ ដែលមួយជាប្រភេទ Thunderbolt 4 អាចប្រើសម្រាប់ សាកថ្ម ឬភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅ ឬភ្ជាប់ទៅកាន់ Dock ក៏បាន និងរន្ធមួយទៀតត្រឹមជា USB 3.2 Gen 2 ធម្មតាប៉ុណ្ណោះ។ លើសពីនេះ វាក៏មានរន្ធ USB-A មួយទៀតផងដែរនៅជ្រុងម្ខាងទៀត អមដោយរន្ធដោតកាស 3.5 mm។ ឡេបថបនេះក៏ប្រើប្រាស់ឧបករណ៍បំពងសំឡេង ដែលផលិតឡើងដោយក្រុមហ៊ុន Harman អាចគាំទ្រការចាក់សំឡេងប្រភេទ DTS Surround Sound ទៀតផង។
ចំពោះរូបរាងខាងក្រៅ វាមានការរចនាឡើងបែបសាមញ្ញ រំលេចនូវនិមិត្តសញ្ញា Realme មួយនៅខាងឆ្វេង។ តួខ្លួនរបស់វាផលិតពីអាលុយមីញ៉ូម CNC មានកម្រាស់តួខ្លួនសរុប ១៤,៩មីល្លីម៉ែត្រ។
ក្តារចុចរបស់វាជាប្រភេទ QWERTY មានគ្រាប់ចុចបែបកន្ត្រៃ ជាមួយនឹងជម្រៅប៊ូតុង ១,៣មីល្លីម៉ែត្រ។ នៅខាងក្រោមក្តារចុចមានបន្ទះបញ្ជាមួយ និងនៅខាងលើមានប៊ូតុងបិទ បើក ដែលដើរតួជាទ្រនាប់ស្កេនម្រាមដៃ។
Realme Book Enhanced Edition នេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន តម្លៃ ៤ ៧០០យ័ន ឬ ប្រហែល ៧៤០ដុល្លារ៕