• 2019-12-16 19:01:41
  • ព័ត៌មាន

ទីបំផុតឈីប Snapdragon 865 អាចប្រជែងនឹងឈីប A13 របស់ Apple បានហើយ!

  • 2019-12-16 19:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung, Huawei និង MediaTek សុទ្ធ​តែ​ជា​ក្រុមហ៊ុន​អាច​ផលិត​បន្ទះ​ឈីប​កម្លាំង​ខ្លាំង​សម្រាប់​ប្រើ​លើ​ឧបករណ៍ Android។ យ៉ាងណាក្ដី​បើ​មើល​លើ​សមត្ថភាព​នៃ​ដំណើរ​ការ​ គូ​ប្រជែង​ប្រកៀកប្រកិត​ខ្លាំង​បំផុត​របស់​ Apple ​គឺ​តែង​តែ​ជា​ Qualcomm ជា​មួយ​បន្ទះ​ឈីប Snapdragon របស់​ខ្លួន។

ក្រុម​ការងារ​ Android Authority បាន​ប្រើ​ប្រាស់​កម្មវិធី​ធ្វើ​តេស្ត​សមត្ថភាព​​ដំណើរ​ការ​ស្មាតហ្វូន​ឈ្មោះ​ថា​ Speed Test G ដែល​រក​ឃើញ​ថា​ឈីប​ Snapdragon 855 គឺ​មាន​សមត្ថភាព​ស្រដៀង​នឹង​ឈីប Apple A11 ដែល​ប្រើ​លើ iPhone 8។ ប៉ុន្តែ​បើ​ប្រៀប​នឹង​ឈីប A13 លើ​ត្រកូល iPhone 11 ឃើញ​ថា​ឈីប Snapdragon 855 យឺត​ជាង ២៥%។

ប៉ុន្តែ​គ្រប់​យ៉ាង​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។ មាន​រឿង​សំខាន់​ពីរ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​នេះ។ ទី​មួយ​គឺ​ការ​កើន​ឡើង​នៃ​សមត្ថភាព​របស់​ឈីប A12 និង A13 គឺ​មាន​មិន​ដល់ ៥% នោះ​ឡើយ។ នេះ​បើ​តាម​ការ​ធ្វើ​តេស្ត​លើ Speed Test G។ ទី​ពីរ​ ឈីប Snapdragon 865 មាន​ការ​កើន​ឡើង​សមត្ថភាព​ខ្លាំង​ជាង​មុន ២០% បើ​ធៀប​នឹង​ Snapdragon 855។ ការ​កើន​ឡើង​តិច​តួច​របស់​ឈីប Apple និង​ការ​កើន​ឡើង​ខ្លាំង​របស់​ឈីប Qualcomm មាន​ន័យ​ថា​ឈីប​ទាំង​ពីរ​ចាប់​ផ្ដើម​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​កម្រិត​តែ​មួយ។

Qualcomm បាន​ប្រកាស​ចេញ Snapdragon 865 កាល​ពី​ដើម​ខែ​ធ្នូ ហើយ​ក្រោយ​មក​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​តេស្ត​កម្លាំង​ 865 ដោយ​ប្រើ​ប្រាស់​ Qualcomm Reference Device (QRD)។ QRD គឺ​ជា​ស្មាតហ្វូន​ Prototype ​មួយ​ ដែល Qualcomm ផលិត​ឡើង​សម្រាប់​ការ​ធ្វើ​តេស្ត។

ការ​ធ្វើ​តេស្ត​លើ​ផ្នែក​ CPU ជា​មួយ​កម្មវិធី Speed Test G បង្ហាញ​ថា​ QRD អាច​បញ្ចប់​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ពេល ៣៦,៦ វិនាទី។ ចំណែក​ការ​ធ្វើ​តេស្ត​ដូច​គ្នា​នេះ​នៅ​លើ​ iPhone 11 Pro Max គឺ​បញ្ចប់​ដោយ​ប្រើ​ពេល​ ៤០ វិនាទី។ នេះ​បង្ហាញ​ថា​​ឈីប 865 ប្រសើរ​ជាង​ឈីប A13 ប្រមាណ ៨%។

ចំណែក​ការ​ធ្វើ​តេស្ត​លើ GPU វិញ ឈីប A13 នៅ​តែ​មិន​អាច​ត្រូវ​គេ​ផ្ដួល​បាន។ iPhone 11 Pro Max បញ្ចប់​ការ​ធ្វើ​តេស្ត​ 3D Unity ក្នុង​ពេល ១៤,៥ វិនាទី ចំណែក QRD វិញ​ប្រើ​ពេល ១៦,៩ វិនាទី។ យ៉ាងណាក្ដី​កម្រិត​ Resolution ​នៃ​អេក្រង់​គឺ​ជា​​កត្តា​មាន​ឥទ្ធិពល​មួយ។ QRD មាន​កម្រិត Resolution ១៤៤០x២៨៨០ ចំណែក iPhone មាន​ត្រឹម ១២៤២x២៦៨៨។ ដូច​នេះ​ QRD ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង។

សម្រាប់​ការ​ធ្វើ​តេស្ត​លើ Geekbench 5 វិញ​ QRD ទទួល​បាន​ ៩៣៥ ពិន្ទុ​លើ​ដំណើរ​ការ Single-Core ចំណែក iPhone 11 ទទួល​បាន ១៣៣០ ពិន្ទុ។ ឯ​ការ​ធ្វើ​តេស្ត​​ដំណើរ​ការ​ Multi-Core ឃើញ​ថា​ SD 865 បាន​ពិន្ទុ ៣៤៥០ និង iPhone 11 បាន​ ៣៤៨០ ពិន្ទុ ដែល​ប្រកៀកប្រកិត​គ្នា​ខ្លាំង​បំផុត។

យ៉ាងណាក្ដី​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ AnTuTu 8 វិញ​ គឺ​ទទួល​បាន​លទ្ធផល​ខុស​គ្នា។ QRD បាន​ពិន្ទុ​សរុប​ ៥៤៥ ០០០ ពិន្ទុ ចំណែក​ iPhone 11 Pro Max បាន​ពិន្ទុ​ប្រមាណ ៥០៦ ១០០។ ប៉ុន្តែ​គេ​ធ្លាប់​ឃើញ​ iPhone 11 Pro Max បាន​ពិន្ទុ​ខ្ពស់​ជាង​នេះ ហើយ​បើ​តាម​​ចំណាត់​ថ្នាក់​ផ្លូវ​ការ​ដែល​ចុះ​ផ្សាយ​ដោយ AnTuTu ឃើញ​ថា iPhone 11 Pro Max មាន​ពិន្ទុ ៥៤៩ ៧១៧ ឯណោះ ធ្វើ​ឲ្យ​លទ្ធផល​កាន់​តែ​កៀក​គ្នា៕

ចុចអាន ៖ Apple ទិញបានក្រុមហ៊ុនមួយ នឹងជួយឲ្យ iPhone ថតរូបបានកាន់តែខ្លាំង

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី